ប៉ូលិសបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានចុចបំផ្ទុះគ្រឿងផ្ទុះនៅខាងក្រៅវិហារស៊ីអ៊ីតមួយនៅក្នុងប្រទេសប៉ាគីស្ថាន ភាគពាយ័ព្យនៅពេលអ្នកធ្វើការសក្ការៈបូជាកំពុងចាកចេញពីការបួងសួងថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស២៣នាក់ និងធ្វើឲ្យរបួសជាង៥០នាក់នៅក្នុងការវាយប្រហារនិកាយិកចុងក្រោយបង្អស់នៅក្នុងប្រទេស។
ពួកមូស្លីមស៊ីអ៊ីតនៅក្នុងប្រទេសប៉ាគីស្ថានកាន់តែត្រូវបានតម្រង់គោលដៅ ដោយពួកស៊ុននី រ៉ាឌីកាល់ ដែលចាត់ទុកពួកគេជាពួកអញ្ញទិដ្ឋិកជន ហើយឆ្នាំ២០១២គឺជាឆ្នាំដែលមានការបង្ហូរឈាមខ្លាំងបំផុតសម្រាប់ពួកនិកាយិកភាគតិចនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
ការវាយប្រហារទៅលើវិហារមូស្លីមនោះកើតឡើងនៅក្នុងទីក្រុងហាន់ហ្គូនៅក្នុងខេត្ត ឃីប៊ឺបាក់ទុនក្វា ដែលធ្លាប់កើតមានការប៉ះទង្គិចគ្នារវាងសហគមន៍ស៊ុននីនិងសហគមន៍ស៊ីអ៊ីត ដែលរស់នៅទីនោះ។
មេប៉ូលិសនៅហ្គាន់ហ្គូ លោកមីយ៉ានមហាម៉ាដសាអ៊ីដនិយាយថា អ្នកបំផ្ទុះគ្រាប់បែកនោះបានធ្វើការវាយប្រហារទៅលើចក្រចេញមួយកន្លែងរបស់វិហារនោះ ដែលនាំទៅកាន់ទីផ្សារ។
ការផ្ទុះនោះបានធ្វើឲ្យខូចខាតហាងលក់ទំនិញតូចៗនិងធ្លុះធ្លាយដោយសារអំបែងគ្រាប់ ដោយបន្សល់ទុកនូវសម្លាកអុតរាប់រយ។ នេះបើតាមទូរទស្សន៍ក្នុងស្រុកបានបង្ហាញឲ្យឃើញ។ រថយន្តពេទ្យបានប្រញាប់ប្រញាល់ដឹកជញ្ជូនអ្នកស្លាប់ និងអ្នករបួស នៅពេលប៉ូលិសព្យាយាមដេញពួកអ្នកឈរមើលនៅផ្សារដែលមានមនុស្សកុះករ។
មន្ត្រីប៉ូលិសម្នាក់ទៀតលោក ណោអ៊ីខាន់ និយាយថា ការផ្ទុះនោះបានសម្លាប់មនុស្ស២៣នាក់ និងធ្វើឲ្យរបួសជាង៥០នាក់។ ប៉ូលិសម្នាក់ដែលកំពុងយាមវិហារមូស្លីមនោះបានស្លាប់ និងអ្នកត្រូវរបួសភាគច្រើនគឺពួកស៊ីអ៊ីត ប៉ុន្តែអ្នកបាត់បង់ជីវិតខ្លះក៏មានមកពីនិកាយិកភាគច្រើនរបស់ប្រទេស ដែរពីព្រោះមានវិហារស៊ុននីមួយនៅក្បែរនោះ។
ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវទេ ប៉ុន្តែការសង្ស័យប្រហែលជាធ្លាក់ទៅលើពួកតាលីបង់ប៉ាគីស្ថាន ឬក្រុមឡាសខាអេ ជីហាំងវី ដែលក្រុមទាំង២នេះ បានធ្វើការបំផ្ទុះបែកប្រឆាំងនឹងពួកស៊ីអ៊ីត៕
រឹទ្ធ
























