យោងតាមគេហទំព័រស៊ីអិនអិនចេញផ្សាយថ្ងៃទី៣០ ខែមករាបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស៧នាក់នៅថ្ងៃពុធក្នុងខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន និង២នាក់ទៀតបានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកមួយនៅទីក្រុង Karachi។
យោងតាមមន្ត្រីប៉ូលិសលោក Muhammad Aslam បានឲ្យដឹងថា ការផ្ទុះនៅទីក្រុង Karachiកើតចេញពីគ្រាប់បែកមួយគ្រាប់បានបង្កប់នៅជិតកន្លែងលេងល្បែងស៊ីសងគ្មានច្បាប់ និង មជ្ឈមណ្ឌលថ្នាំញៀន។ វាមិនទាន់ច្បាស់ភ្លាមៗនូវអ្នកដែលដាក់គ្រាប់បែកនោះឡើយ។
នៅក្នុង Balochistan មនុស្ស៤នាក់បានស្លាប់នៅក្នុង Loop Sherani នៅពេលខ្មាន់កាំភ្លើងជិះម៉ូតូ២គ្រឿងបាញ់រះទៅលើយានមួយគ្រឿងជាមួយអ្វីដែលមន្ត្រីប៉ូលិសលោកAbdul Jabbar Balochបានហៅថា«ការបាញ់មិនរើសមុខ»។
នៅក្នុង ឧប្បត្តិហេតុនៅខេត្ត Balochistan ផ្សេងមួយទៀត ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស៣នាក់នៅក្នុង រដ្ឋធានីQuetta ។ អធិការប៉ូលិសលោកឧត្តមសេនីយ៍ Wazir Khan Nasar បាននិយាយថា ខ្មាន់កាំភ្លើងដំបូងបានចាប់ពង្រត់ជនរងគ្រោះ ដែលក្រោយមកត្រូវបានបាញ់ទៅលើក្បាលជាច្រើនគ្រាប់ពីរយៈចម្ងាយជិតនោះ។ Balochistan ខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថាន បានកើតឡើងដដែលៗនូវអំពើហិង្សា។
នៅខែនេះ មនុស្ស៩៧នាក់បានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកនៅក្នុងខេត្តមួយនេះ ដោយនាំឲ្យមានបាតុកម្មក្នុងចំណោមស៊ីអ៊ីតដែលរិះគន់ថារដ្ឋាភិបាលបានធ្វើតិចតួចណាស់ចំពោះការពារពួកគេ។
បន្ថែមពីលើនេះទៀតនោះ ការវាយប្រហារទៅលើស៊ីអ៊ីត ដោយកោលាហលនៅខេត្ត ត្រូវបានគេជឿថាត្រូវបានបង្កចលាចលដោយក្រុមបះបោរ៣-៤ក្រុម ដោយរាប់បញ្ចូលទាំងកងទ័ពសេរីនិយមដែលបំបែកខ្លួន និង តាលីបង់ប៉ាគីស្ថាន៕
























