យោងតាមគេហទំព័រស៊ីអិនអិន ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែមករានេះ បានឲ្យដឹងថា កម្មការិនី៧នាក់ត្រូវបានសម្លាប់នៅរសៀលថ្ងៃសៅរ៍ នៅក្នុងអគ្គិភ័យផ្សេងមួយទៀតនៅរោងចក្រសំលៀកបំពាក់មួយនៅក្នុងប្រទេសបង់ក្លាដេស។
អ្នកតំណាងស្នងការប៉ូលិសរដ្ឋធានីដាកាលោក Chowdhury Monzurul Kabir បាននិយាយថា «យើងបានរកឃើញសពកម្មករ៧នាក់ដែលបានស្លាប់ទាំងនៅក្នុងការរត់ប្រសេចប្រសាចឬ(បន្ទាប់)ពីលោតពីជាន់ទី២នៃរោងចក្រ ខណៈអគ្គិភ័យបានចាប់ផ្ដើម»។
យោងតាមប៉ូលិសឲ្យដឹងថា មនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរងរបួសនៅក្នុងឧប្បត្តិហេតុ។ ប៉ូលិសនិងសាក្សីបាននិយាយថា អគ្គិភ័យបានចាប់ផ្ដើមនៅរោងចក្រ Smart Fashions Limited នៅទីប្រជុំជនMohammadpur ស្ថិតនៅក្នុងទីក្រុង Dhakaដែលឆ្ងាយពីមាត់សមុទ្រ និង វាបានរាលដាលយ៉ាងលឿនទៅជាន់ទី២ កន្លែងដែលមនុស្ស៣-៤រយនាក់ ភាគច្រើនជាស្ត្រី បានកំពុងធ្វើការ។
យោងតាមកម្មករដែលបានគេចខ្លួននិយាយថា ខណៈពេលអណ្ដាតភ្លើងបានរីករាលដាល កម្មករភ័យស្លន់ស្លោបានព្យាយាមទៅជាន់ខាងក្រោម និងខាងក្រៅដើម្បីសុវត្ថិភាព។ ប៉ុន្តែអ្នកដែលបានចុះទៅក្រោមបានឃើញទ្វារជាប់សោ។
និយោជិតម្នាក់ ឈ្មោះ Rezina Begum ដែលរងរបួសបាននិយាយថា «គ្មានសញ្ញាប្រកាសអាសន្នអំពីអគ្គិភ័យនៅក្នុងរោងចក្រនោះទេ ហើយអ្នកទាំងអស់រួសរាន់ដើម្បីចេញពីពីអគារជាន់ទី២ ខណៈ កម្មករខ្លះបានស្រែកថាពួកគេបានឃើញភ្លើងនៅជាន់ទី២។
អគ្គិភ័យនៅថ្ងៃសៅរ៍បានកើតឡើ២ខែបន្ទាប់ពី ការឆេះរោងចក្រសំលៀកបំពាក់ដ៏អាក្រក់បំផុតរបស់ប្រទេស ដែលបានសម្លាប់មនុស្ស១១២នាក់នៅរោងចក្រTazreen Fashions Limited នៅជាយរដ្ឋធានីដាកា។
វាបានកើតឡើងចំពេលជាមួយដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីបង់ក្លាដេសដោយប្រតិភូសមាជសហរដ្ឋអាមេរិកគោលបំណងដើម្បីវាយតម្លៃពីសុវត្ថិភាពនៃរោងចក្រសំលៀកបំពាក់នៅក្នុងប្រទេសអាស៊ីខាងត្បូង។
យោងតាមសេវាពន្លត់អគ្គិភ័យ និងមន្ត្រីការពារជនស៊ីវិលនិយាយថា រោងចក្រ Smart Fashions Limited មាននិយោជិតជាង៣០០នាក់ និងមិនមានការវាស់វែងសុវត្ថិភាពអគ្គិភ័យឲ្យបានត្រឹមត្រូវនោះទេ។
Mahbubur Rahman ជាប្រធានសេវាកម្មពន្លត់អគ្គិភ័យ និងការពារជនស៊ីវិលបានប្រាប់អ្នករាយការណ៍ព័ត៌មានថា «រោងចក្រសាងសង់ដោយគ្មានច្បាប់ និង មិនមានចក្រចេញសម្រាប់អគ្គិភ័យ»។ ប៉ូលិសបាននិយាយថា ពួកគេកំពុងព្យាយាមស្វែងរកម្ចាស់រោងចក្រ។
Kabirនិយាយថា«យើងបានចាប់ផ្ដើមស៊ើបអង្កេត ហើយយើងនឹងនាំយកអ្នកប្រព្រឹត្តិទៅតុលាការយ៉ាងពិតប្រាកដ»៕























