រថយន្ដ​ប្រមាណ​១០០គ្រឿង ​បន្ដ​បុក​គរ​ពីលើ​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​២នាក់​ រងរបួស​៤២នាក់ នៅលើ​ស្ពាន​នៅកូរ៉េ​ខាងត្បូង​

ថ្ងៃ ពុធ ទី11 កុម្ភៈ ឆ្នាំ2015 ម៉ោង16:57   ផ្នែក: ព័ត៌មានអន្តរជាតិ​ទូទៅ    ដោយ: កម្ពុជាថ្មី​

M11-02-15-o1

ប្រភពព័ត៌មាន​ AP ពី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹងពី​ក្រុមមន្ដ្រី​កូរ៉េ​ខាងត្បូង​បាននិយាយ​ថា​ មនុស្ស​ពីរ​នាក់​ស្លាប់ និង​យ៉ាង​​ហោច​ក៏​មាន​៤២នាក់​ផ្សេង​ទៀតរង​របួស​ បន្ទាប់​ពី​មានគ្រោះ​ថ្នាក់​រថយន្ដ​បុកគរ​ពីលើ​គ្នា​ប្រមាណ​ជា​១០០គ្រឿង ​នៅពេល​អាកាស​ធាតុ​ចុះ​អ័ព្ទ​នៅ​ពីលើ​ស្ពាន​​មួយ​ក្បែរ​ព្រលាន​យន្ដ​ហោះ​អន្ដរ​ជាតិ The Incheon International Airport

ទី​ស្ដីការ​គ្រប់គ្រង​ផ្នែក​សុវត្ថិ​ភាព​ និង​អគ្គិភ័យ​ "The Incheon Fire and Safety Management Department" បានលើក​យក​មកនិយាយ​កាល​ពីថ្ងៃពុធ ថា ចំនួនមនុស្ស​ដែល​រង​របួស​អាច​នឹង​កើនឡើង​ថែមទៀត​ ខណៈពេល​ដែល​ក្រុម​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ កំពុង​តែ​រុក​រក​យ៉ាង​ច្របូក​ច្របល់​នៅគ្រប់​រថយន្ដ​ដែល​រង​ការ​ខូច​ខាត​ស្ថិត​នៅ​លើស្ពាន​មួយ​ដែល​មាន​ប្រវែងដល់ទៅ​៤,៤០០​ម៉ែត្រ​ តាមដងវិថីហាយវ៉េ​ពី​ព្រលាន​យន្ដ​ហោះ​ឆ្ពោះ​ទៅ​ក្រុង​សេអ៊ូល​នោះ។ ប្រមុខ​នៃ​ទីស្ដី​ការ​នេះ​គឺ​លោក Byeon Tae-u និយាយ​ថា គ្រោះ​ថ្នាក់​ដែល​កើត​មានឡើង​នៅលើ​ដង​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​កាន់​ក្រុង​សេអ៊ូល​ ហើយ​ដែល​ធ្ងន់​ខ្លាំងនោះ គឺ​អាកាស​ធាតុ​ធ្លាក់​​អ័ព្ទ និង​មាន​ទឹកកក​នៅ​លើ​ផ្លូវ។

លោក Kim Mun-won ផ្នែក​ស្ថានីយ​ពន្លត់​អគ្គិភ័យ​ Incheon និយាយថា រថយន្ដ​ប្រមាណ​១០០គ្រឿង ​បាន​បុកគ្នា​ជា​បន្ដបន្ទាប់ ហើយ​ជាន់​គរ​ពី​លើ​គ្នា។ នៅពុំ​ទាន់​ដឹង​បាន​ភ្លាមៗ​នៅឡើយ​នោះទេថា​ អ្វី​ទៅដែល​ផ្ដើម​ឲ្យ​មាន​ការ​ពពាក់​ពពូន​គរ​រថយន្ដ​លើ​គ្នា​យ៉ាង​នេះ៕

..

M11-02-15-o