ភ្នាក់ងារព័ត៌មាន RIA បានដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសង្គ្រោះបន្ទាន់ កាហ្សាក់ស្ថានមកនិយាយថា យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងបានធ្លាក់នៅក្នុងភាគខាងត្បូងប្រទេសកាហ្សាក់ស្ថាននៅថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន២៧នាក់នៅលើយន្តហោះ។
RIAបានដកស្រង់ សំដីប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់ក្នុងតំបន់មកនិយាយថា «យន្តហោះមួយគ្រឿងនេះបានឆេះឡើង ដោយនៅសល់តែបំណែកខ្លះរបស់វាប៉ុណ្ណោះ»។
បណ្ដាញទូរទស្សន៍ កាហ្សាក់ស្ថាន KTKបាននិយាយថា យន្តហោះបានបាត់ពីស្គ្រីនរ៉ាដារ នៅប្រហែលម៉ោង១៩០០(ម៉ោង១៣និង០០នាទីសាកល) ខណៈពេលវាបានកំពុងធ្វើការចុះនៅជិតទីក្រុង Shymkent រដ្ឋធានីនៃតំបន់កាហ្សាក់ស្ថានខាងត្បូង។
សេវាកម្មសុវត្ថិភាព KNBរបស់កាហ្សាក់ស្ថានបាននិយាយថា យន្តហោះដែលជារបស់ទាហានព្រំដែនបានហោះឆ្ពោះទៅកាន់ទីក្រុង Shymkent ពីរដ្ឋធានី Astana។
ប្រភពបាននិយាយនៅលើគេហទំព័រ (www.knb.kz)ឲ្យដឹងថា មេបញ្ជាការការពារព្រំដែនរបស់ប្រទេសលោក Turganbek Stambekovស្ថិតក្នុងចំណោមអ្នកស្លាប់នៅលើយន្តហោះទាំងអស់នោះ។ យន្តហោះបានដឹកអាកាសយានិក៧នាក់ ក៏ដូចជា អ្នកចូលធ្វើការងារយោធា២០នាក់។
KTK Tvបានដកស្រង់សំដីពីប្រភពរបស់ខ្លួនមកនិយាយថា យន្តហោះ Antonov Anបានបោះពួយចុះទៅដីនៅក្នុងពេលអាកាសធាតុមិនល្អពីកម្ពស់ប្រហែល៨០០ម៉ែត្រ។
ប្រភពនោះបានផ្សាយនូវវីដេអូនៃសាក្សីដោយនិយាយថា គាត់បានឮការផ្ទុះខ្លាំងមួយ និងបានឃើញអណ្ដាតភ្លើងនៅកន្លែងធ្លាក់យន្តហោះនោះ៕























