Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

បុរស​កូរ៉េ​ខាងត្បូង​ភ្លូក​ទឹក​ភ្លូក​ដី​ចូលរួម​ពិធី​ប្រឆាំង​នឹង​ភាព​នៅ​លីវ​

M25-jសេអ៊ូល ​៖​ កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​ប្រទេស​កូរ៉េខាងត្បូង​បាន​រៀបចំ​ពិធី​«​ប្រឆាំង​នឹង​ភាព​នៅ​លីវ​»​ ចំ​ថ្ងៃ​បុណ្យ​ណូអែល​ដែល​ប្រកាស​រៀបចំ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេ​បុក​ ហើយ​បាន​ធ្វើ​ឲ្យ​បុរសៗ​ចូលរួម​យ៉ាងច្រើន​ភ្លូកទឹកភ្លូកដី ​ខណៈ​ពេល​នារី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចូលរួម​តិច​តូច​តែប៉ុណ្ណោះ។

ព្រឹត្តិការណ៍​គ្រោង​រៀបចំ​កាលពី​ខែ​មុន​ បន្ទាប់ពី​បុរស​វ័យក្មេង​ពីរ​នាក់​មានគំនិត​បណ្តែត​តាម​ប្រព័ន្ធ​ហ្វេ​បុក ​ហើយក៏​ស្រាប់​តែ​មាន​អ្នក​ប្តេជ្ញា​ចិត្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​យ៉ាងច្រើន​រហូតដល់​៣៦០០០​នាក់​ឯណោះ។ ប៉ុន្តែ​ក្នុងចំណោម​ពួកគេ​ទាំង​អស់នោះ​ភាគច្រើន​ជា​បុរស​ដែល​មាន​អាយុ​ចាប់ពី​២០​ទៅ​៣០​ឆ្នាំ។ ផ្ទុយទៅវិញ​នារី​ភាគច្រើន​មិនសូវ​ជា​ចូលរួម​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ​ឡើយ ហើយ​ពួកគេ​ភាគច្រើន​ជា​អ្នក​ឈរ​មើលទៅ​វិញ។

មន្ត្រី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន ​AFP​ថា ៖«​ភាគច្រើន​នៃ​អ្នកចូលរួម​សុទ្ធតែ​បុរស​ក្មេងៗ​....​ហើយ​ពួកគេ​ចូលរួម​យ៉ាងច្រើន​ភ្លូកទឹកភ្លូកដី​តែម្តង។ អ្នក​រូ​មែន​ទិ​ក​ដែល​ក្លាហាន​ចូលរួម​ខណៈ​ពេល​សីតុណ្ហភាព​ត្រជាក់​ក្រោម​១០​អង្សា​សេ​នៅក្នុង​បរិវេណ​ឧទ្យាន​ទី​ក្រុង​សេ​អ៊ូល។ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ម៉ោង។

បុរស​ស្លៀកពាក់​ឈុត​ពណ៌​ស និង​នារី​ស្លៀកពាក់​ឈុត​ពណ៌​ក្រហម​នៅពេល​ពួកគេ​បាន​ជួបជុំគ្នា​ឧទ្យាន​ទីក្រុង​សេ​អ៊ូ​ល ក្នុង​ខណ្ឌ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​គឺ Yeouido។ អ្នកចូលរួម​ត្រូវបាន​គេ​បែង​ចែក​ជា​ពីរ​ក្រុម​ដោយ​ឈរ​ទល់មុខ​គ្នា​ចំងាយ​បី​ទៅ​បួន​ម៉ែត្រ​ដើម្បី​រង់ចាំ​រហូតដល់​ម៉ោង​៣​រសៀល ​បន្ទាប់មក​ពួកគេ​បាន​នាំគ្នា​ដើរ​ឆ្ពោះ​ទៅមុខ​ដើម្បី​ស្វែងរក​ចាប់​ដៃគូ​គ្នា​រវាង​ប្រុស​និង​ស្រី។

ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​វា​ហាក់ដូចជា​មិន​សូវមាន​អធិកអធម​ប៉ុន្មាន​ទេ​នៅពេល​ពួកគេ​នាំគ្នា​ដើរ​ឆ្ពោះ​ទៅរក​ចាប់​ដៃគូ​គ្នា​នោះ ​ពីព្រោះ​ភាគច្រើន​ជា​បុរស​ដូចគ្នា​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ស្វែងរក​ដៃគូ​ជានា​រី​ណាស់។

យុវជន​ម្នាក់​ឈ្មោះ គីម ស៊ុ​ង​សិ​ក ​អាយុ​២៣​ឆ្នាំ​ជា​និស្សិត​មហាវិទ្យាល័យ​បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​នេះ​ថា ៖«​ឯណា​ទៅ​ស្រីៗ​? ខ្ញុំ​សំឡឹង​ស្វែងរក​ស្រី​អត់​ឃើញ​មាន​សោះ។ ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ស្រួល​ចិត្ត​ឡើយ»

ស្រប​ពេល​អ្នកចូលរួម​ម្នាក់ទៀត​មិនបាន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ៖«​នេះ​ពិតជា​អាក្រក់​មែន​...​បើ​ខ្ញុំ​ដឹង​ថា ​សុទ្ធតែ​បុរសៗ​អីចឹង ខ្ញុំ​នឹង​មិន​មក​ចូលរួម​ទេ។ ខ្ញុំ​ជាប់​គាំង​ដោយសារតែ​បុរស​ដូចគ្នា»។ គាត់​និយាយ​ដោយ​យោង​ទៅលើ​អាណត្តិ​សេវាកម្ម​យោធា​ពីរ​ឆ្នាំ​សុទ្ធតែ​បុរស​កូរ៉េខាងត្បូង​ទាំងអស់​ថា ​៖«​វា​ដូចជា​អ្វី​ចម្លែក​ម្យ៉ាង ​ពីព្រោះ​អ្នកចូលរួម​ភ្លូកទឹកភ្លូកដី​សុទ្ធតែ​បុរសៗ​ដែល​សង្ឃឹមថា អាច​ស្វែងរក​ដៃគូ​បាន ប៉ុន្តែ​អត់​មាន​នារី​ទៅវិញ។ គួរ​ឲ្យ​ចង់​សើច​មែន​! ពីព្រោះ​ធំក្លិន​សុទ្ធតែ​បុរស​ដូចគ្នា។ ខ្ញុំ​មាន​អារម្មណ៍​ថា ដូចដែល​ខ្ញុំ​នៅក្នុង​ហ្វូង​យោធា​ទៀតហើយ»

ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​តាម​ទីក្រុង​ផ្សេងទៀត​ក៏​សុទ្ធតែ​បុរសៗ​ដែរ​ចូលក្នុង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​ការស្វែងរក​ដៃគូ។ នេះ​បើតាម​បណ្តាញសារព័ត៌មាន​បាន​ចេញផ្សាយ។

ប្រទេស​កូរ៉េខាងត្បូង​មាន​ប្រជាជន​ប្រមាណ​៥០​លាន​នាក់​ដែល​ជា​ប្រទេសមួយ​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក ខណៈពេល​ប្រជាជន​ប្រមាណ​៣១​លាន​នាក់​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើ​ ហើយ​ប្រជាជន​ជិត​២០​លាន់​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូច​ជា​ហ្វេ​បុក​ឬ​ទ្វី​ធឺ​ ប៉ុន្តែ​ពួកគេ​ជាពិសេស​បុរសៗ​ពិបាក​ក្នុង​ការ​ស្វែង​ដៃគូ​ណាស់៕

វេហា​

 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានអន្តរជាតិ បុរស​កូរ៉េ​ខាងត្បូង​ភ្លូក​ទឹក​ភ្លូក​ដី​ចូលរួម​ពិធី​ប្រឆាំង​នឹង​ភាព​នៅ​លីវ​