អាមេរិក ៖ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិក បានអោយដឹងថា លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក នឹងចាប់ផ្តើមដំណើរទស្សនៈកិច្ចរយៈពេល ៤ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៏ និងអាហ្វ្រិកខាងជើង ដើម្បីចូលរួមកិច្ចប្រជុំស្តីពី ប្រទេសសូម៉ាលី និងស៊ីរី។
នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងឡុងដ៏ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ប្រេសិតជាន់ខ្ពស់របស់ សហរដ្ឋអាមេរិក នឹងចូលរួមសន្និសិទ្ធស្តីពីប្រទេសសូម៉ាលី ដែលដឹកនាំដោយ លោក David Cameron នាយករដ្ឋមន្ត្រីរបស់ ប្រទេសអង់គ្លេស ដែលបង្ហាញពីការស្ថាបនាស្ថេរភាព និងសន្តិភាពនៅប្រទេសអាហ្វ្រិក ខាងកើត។ សន្និសីទនេះ នឹងមានការចូលរួម ដោយប្រមុខរដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេសចំនួន ៥០ប្រទេស រួមនិងតំណាងរបស់អង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក។
យោងតាមសេចក្តីថ្លែងការណ៍បានអោយដឹងថា ពេលវេលានៃសន្និសីទ គឺសំខាន់ដោយសារកិច្ចប្រជុំនេះ បានធ្វើឡើងក្នុងរយៈពេល ៦ខែ មុនការបញ្ចប់នយោបាយអន្តរកាល ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១។ ចាប់តាំងពីមានការផ្ទុះឡើងនូវសង្គ្រាមស៊ីវិល នៅក្នុងឆ្នាំ១៩៩១ មក គ្មានរដ្ឋាភិបាលកណ្តាលដែលគ្រប់គ្រងទៅលើទឹកដីរបស់ប្រទេសទេ ហើយរដ្ឋាភិបាលសហព័ន្ធអន្តរកាល ដែលបានរៀបចំឡើងដោយអន្តរជាតិ បានគ្រប់គ្រងទឹកដីតែមួយចំណែកតូចប៉ុណ្ណោះ របស់ប្រទេស។
រដ្ឋាភិបាលអន្តរកាលដែលនឹងផុតអណ្ណត្តិរបស់ខ្លួន នៅថ្ងៃទី២០ ខែសីហា ខាងមុខ បានខិតខំធ្វើការ ដើម្បីរៀបចំការបោះឆ្នោតនៅឆ្នាំនេះ។ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ លោកស្រី គ្លីនតុន នឹងចូលរួម កិច្ចប្រជុំដំបូងនៃក្រុមមិត្តរបស់ប្រទេសស៊ីរី នៅប្រទេសទុយនីស៊ី ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក និងក្រុមប្រឆាំងរបស់ប្រទេសស៊ីរី ដើម្បីធ្វើជំហានបន្ទាប់អោយបាន ច្បាស់លាស់ដើម្បីផ្អាកការសម្លាប់រង្គាលលើប្រជាជនស៊ីរី និងជំរុញរយៈពេលអន្តរកាលទៅជាប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ីរី។
លោកស្រី គ្លីនតុន នឹងជួបជាមួយ លោក Hamadi Jebali នាយករដ្ឋមន្ត្រីទុយនីស៊ី និងសមាជិករបស់ក្រុមស៊ីវិល ដើម្បី ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី និងដំណើរការនៅក្នុងអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសទុយនេស៊ី។ ក្នុងដំណើរទស្សនៈនេះ លោកស្រី គ្លីនតុន នឹងទៅកាន់ប្រទេសអាល់ហ្សេរី និងម៉ារុកកូ។


















