ប្រធានាធិបតីណេស្ស៊ូអេឡាលោក ហ៊ូហ្គោ ឆាវេស និង មេដឹកនាំផ្សេងៗទៀតនៅក្នុងប្លុក ALBA ដែលនិយមឆ្វេងបានគាំទ្រអាហ្សង់ទីនកាលពីថ្ងៃសៅរ៍ នៅក្នុងជម្លោះជាយូរមកហើយរបស់ខ្លួនជាមួយប្រទេសអង់គ្លេសស្ដីអំពីកោះ Falkland។
រដ្ឋមន្ត្រីក្រសួងការបរទេសអាហ្សង់ទីន លោក ហិកទ័រថែបើម៉ែន បានអរគុណលោក ឆាវេស និង ប្រធានាធិបតីផ្សេងៗទៀត ចំពោះការគាំទ្ររបស់ពួកគេនៅឯកិច្ចប្រជុំនៅទីក្រុងការាកាស។ លោក ឆាវេស បានថ្លែងថា« បញ្ហានៃកោះ Malvinas គឺជាបញ្ហាមួយនៃដែលធ្វើឲ្យពួកយើងខ្វល់ខ្វាយ ជាពិសេសជាមួយនឹងពាក្យសំដីខ្លាំងៗ ដែលបានលេចចេញពីរដ្ឋាភិបាលអង់គ្លេស ដែលបានចោទប្រកាន់ប្រទេសអាហ្សង់ទីន ថាជាប្រទេសអាណានិគម» ដោយបានហៅបញ្ហានេះថា ជាការត្រឡប់ថយក្រោយ។
ជម្លោះនេះបានឆេះឡើងនៅពេលថ្មីៗនេះនៅពេលដែលព្រះអង្គម្ចាស់វីលៀម ជាអ្នកបើកយន្តហោះរបស់កងទ័ពជើងអាកាស រាជភូមិន្ទអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់កោះនេះ ដើម្បីបំពេញបេសកកម្មមួយខាងយោធា ជាមួយនាវាចម្បាំងមួយគ្រឿង នៅក្នុងការរៀបចំពិធីបុណ្យខួបលើកទី៣០ នៃការលុកលុយរបស់អាហ្សង់ទីន នៅខែ មេសា ឆ្នាំ ១៩៨២ ដែលបានធ្វើឲ្យផ្ទុះឡើងនូវសង្គ្រាមរយៈពេល១០សប្ដាហ៍។
ប្រទេសអាហ្សង់ទីនដែលបានអះអាងថា អង់គ្លេសបានលួចទីប្រជុំកោះនេះកាលពី ១៨០ឆ្នាំមុននេះ បានហៅកោះមេថា Malvinas និង បានតវ៉ាចំពោះការដាក់ពង្រាយរបស់អង់គ្លេស។ ប្រទេស៨ជាសមាជិក របស់សម្ពន្ធភាពបូលីវីឬ BLBA បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលរារាំងទូកណាមួយក៏ដោយ ដែលដោតទង់ជាតិកោះ Falkland មិនឲ្យចូលចតនៅកំពង់ផែរបស់គេឡើយ៕
ថាលីយ៉ាន


















