ក្រុមតារាចម្រៀងស្រីប៉ុបរបស់ប្រទេសកូរ៉េខាងត្បូង Girls’ Generation ថ្មីៗនេះទើបតែបើកហាងថ្មីមួយដាក់ឈ្មោះថា Girls' Generation Expressដើម្បីទាក់ទាញអតិថិជនចំថ្ងៃបុណ្យនៃក្តីស្រឡាញ់។ ហាងរបស់មួយនេះស្ថិតនៅជិតហាងកាហ្វេមួយឈ្មោះ Rabbit in the Moon ក្នុងទីក្រុងសេអ៊ូលដែលមានលក់ទំនិញឬវត្ថុដែលជាសម្ភារៈប្រើប្រាស់ក្រុមតារាចម្រៀង។
ហាង"Girls' Generation Express"លក់សម្ភារៈទាំងឡាយដែលក្រុមតារាចម្រៀងមួយនេះនិយមប្រើដូចជា ពេង កែវ ខ្នើយ ពូក ខ្សែច្រវាក់សោ គ្រឿងលំអកាយ វត្ថុអនុស្សាវរីយ៍ និងផលិតផលមួយចំនួនទៀតដូចជាគ្រឿងអលង្ការ នាឡិកា ខ្សែដៃ ខ្សែក និងគ្រឿងសំអាងជាដើម។
ប្រភពជិតស្និទ្ធបានឲ្យដឹងថា ហាងរបស់កំពូលតារាចម្រៀងស្រីមួយនេះបានបើកកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ ហើយនឹងដំណើរសកម្មភាពអាជីវកម្មផ្លូវការនាថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ។ ដោយសារតែហាងបានបើកដំណើរការចំឱកាសទិវានៃក្តីស្រឡាញ់ ម្ចាស់ហាងជាក្រុមតារាចម្រៀងវ័យក្មេងនេះរំពឹងថា ពួកគេនឹងមានអតិថិជនច្រើនចូលទៅរកទិញវត្ថុអនុស្សាវរីយ៍ច្រើន និងជាពេលដែលពួកគេផ្សព្វផ្សាយហាងរបស់ពួកគេទៅកាន់យុវវ័យ។
ថ្មីៗនេះព័ត៌មានបានចេញផ្សាយថា ក្រុមតារាចម្រៀង Girls' Generation កំពុងតែខំប្រឹងផ្សព្វផ្សាយយ៉ាងខ្លាំង និងទទួលបានជោគជ័យគួរឲ្យកត់សំគាល់ចំពោះបទចម្រៀងរបស់ពួកគេI Got A Boy ហើយពួកគេបានទៅសម្តែងការប្រគំតន្ត្រីទេសចរណ៍កាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅនេះនៅប្រទេសជប៉ុន។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះនៅមិនទាន់ព័ត៌មានណាមួយថា ហាងរបស់ពួកគេទទួលបានអតិថិជនច្រើនប៉ុណ្ណានោះទេ៕
វេហា























