ប៉េកាំង ៖ កាលពីថ្ងៃព្រហស្បតិ៍បណ្តាញសារព័ត៌មានរដ្ឋចិនបានចេញផ្សាយថា ស្ថានីយទូរទស្សន៍រដ្ឋបានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដ៏គគ្រឹកគគ្រេងសម្រាប់ឆ្នាំនេះដោយសារតែមានកំពូលតារាចម្រៀងល្បីៗលើលោកចូលរួមសម្តែងផងដែរក្នុងនោះមានតារាចម្រៀង Celine Dion ហើយកំពូលតារាចម្រៀងរ៉េបដ៏ល្បីលើលោករបស់កូរ៉េខាងត្បូងបានសម្តែងនៅទូរទស្សន៍ឯកជនក្នុងទីក្រុងសៀងហៃ។
កាសែតចិនដេលី(China Daily) បានផ្សាយថា ក្រឡេកមើលទៅកម្មវិធីដ៏អស្ចារ្យរបស់ស្ថានីយទូរទស្សន៍ចិនកណ្ដាល(ស៊ីស៊ីធីវី)បានក្លាយជាប្រពៃណីមួយសម្រាប់ក្រុមគ្រួសារចិនជួបជុំគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងបានទាក់ទាញអ្នកចូលមើលរហូតដល់មួយពាន់លានដងសម្រាប់ឆ្នាំនេះ។
កម្មវិធីដ៏អស្ចារ្យនេះបានផ្សាយផ្ទាល់នៅថ្ងៃសៅរ៍នេះដែលមានរយៈពេលជាង៤ម៉ោង ខណៈពេលមាន ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកជាច្រើនប្រកួតប្រជែងដោយមានការចូលរួមពីតារាល្បីៗជាច្រើនទាំងក្រុមកំប្លែង និងរបាំបាឡេផងដែរ។
រយៈពេល២៤ឆ្នាំហើយដែលកម្មវិធីសម្តែងចូលឆ្នាំប្រពៃណីចិនបានចូលរួមសម្តែងដោយអនាគតស្ត្រីទីមួយចិនគឺលោកស្រី Peng Liyuan កំពូលចម្រៀងសំឡេងពីរោះរណ្ដំដែលមានឋានៈខ្ពស់នៅក្នុងជួរកងទ័ព និងបានរៀងការជាមួយលោក ស៊ី ជីនពីង មេដឹកនាំបក្សកុម្មុយនីស្តចិនថ្មី និងជាអនាគតប្រធានាធិបតីចិននាពេលខាងមុខនេះ។ ប៉ុន្តែអនាគតស្ត្រីទីមួយចិននេះបានឈប់សម្តែង បន្ទាប់ពីប្តីរបស់លោកស្រីបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់នៅបក្សកុម្មុយនីស្តចិនកាលពីឆ្នាំ២០០៧។
ឆ្នាំនេះពិធីរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលផ្សាយផ្ទាល់កាលពីថ្ងៃសៅរ៍នេះមានការចូលរួមសម្តែងដោយតារាចម្រៀងជុំវិញគឺនាង Dion ដែលបានបកស្រាយបទចម្រៀងដ៏ពេញនិយមរបស់នាងគឺ "My Heart Will Go On" នៅហូលីវូដ និងក៏ជាពេញនិយមបំផុតនៅប្រទេសចិន។ នាងក៏បានបកស្រាយបទចម្រៀងជាភាសាចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតចិនដេលី។
ទន្ទឹមជាមួយនេះស្ថានីយទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវីបានកំពុងតែប្រឈមនឹងការប្រកួតប្រជែងស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើន។ ខណៈពេលកាសែតហ្លោបល់ថាម (Global Time) បានចេញផ្សាយថា តារាចម្រៀងរ៉េបរបស់កូរ៉េខាងត្បូងពោរពេញដោយអភូតហេតុគឺ Psy ជាម្ចាស់បទចម្រៀង "Gangnam Style" បានទាក់ទាញទស្សនិកជន និងទូរទស្សន៍យ៉ាងខ្លាំង ជាពិសេសទស្សនិកជននៅមុខឆាកទូរទស្សន៍ Dragon ដែលស្ថិតនៅទីក្រុងសៀងហៃ បើទោះជាតារាចម្រៀងស្រីខាងលើមានកេរ្តិ៍ឈ្មោះល្បីរន្ទីនៅប្លុកហូលីវូដបានសម្តែងនៅលើឆាកទូរទស្សន៍រដ្ឋចិនក៏ដោយ។
មុនពេលកម្មវិធីផ្សាយផ្ទាល់ចាប់ផ្តើម កាសែតហ្លោបល់ថាមបានចេញផ្សាយអូតសរសើរដល់ការខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ទូរទស្សន៍ Dragon ដែលស្ថិតនៅទីក្រុងសៀងហៃដើម្បីទាក់ទាញអ្នកទស្សនា ហើយទីបំផុតទទួលបានគាំទ្រភ្លូកទឹកភ្លូកដីមែនចំពោះតារាអន្តរជាតិរបស់កូរ៉េមួយនេះ។
កាសែតនេះបានផ្សាយថា ៖«ខណៈពេលប្រជាជនចិនកំពុងតែរង់ចាំអំណរពរជ័យ សេរីមង្គល បវរមហាប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនដ៏អស្ចារ្យនេះ ទូរទស្សន៍រដ្ឋចិន និងឯកជនបានយកតារាចម្រៀងល្បីលើលោកមកសម្តែង ហើយពិតជាអស្ចារ្យខ្លាំងណាស់»។
ពិធីសម្តែងបុណ្យចូលឆ្នាំប្រពៃណីចិនរបស់ទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវីក៏មានការសម្តែងពីតារាចម្រៀងកាណាដាលោក "Da Shan"ផងដែរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសចិនជាពិសេសសម្រាប់ការបកស្រាយជាភាសាម៉ាដារីន៕
វេហា























