ឡូសអេនជឺឡេស ៖ តារាភាពយន្តអាមេរិក នាង លីនសាយ ឡូហាន បានថានាងឈឺធ្ងន់មិនអាចធ្វើដំណើរទៅបង្ហាញខ្លួនក្នុងសវនាការទីក្រុងឡូស អេនជឺឡេស កាលពីល្ងាចថ្ងៃអង្គារបានទេ។ នេះបើតាមប្រភពជិតស្និទ្ធជាមួយតារាសម្តែងរូបនេះ។ ប៉ុន្តែចៅក្រមម្នាក់បានកត់សំគាល់តាមថា កាលពីសប្ដាហ៍នាងដើរផ្សារនៅទីក្រុងញូវយ៉កហាក់គ្មានបញ្ហាសុខភាពអ្វីឡើយ។
កាលពីព្រឹកថ្ងៃអង្គារគេជឿថាតារាភាពយន្តវ័យ២៦ឆ្នាំនេះបានកំពុងស្ថិតនៅទីក្រុងញូវយ៉ក។ មេធាវីដ៏យូរអង្វែងរបស់នាងគឺលោក Shawn Holley បានស្នើសុំចៅក្រមឲ្យដោះលែងនាងពីករណីនេះ។
មេធាវីនៅទីក្រុងញូវយ៉ករបស់នាងលោក Mark Heller ដែលមិនមានអាជ្ញាប័ណ្ណក្នុងការប្រកបអាជីពមេធាវីនៅរដ្ឋកាលីហ្វញ៉ាបានធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងឡូស អេនជឺឡេស ដើម្បីបង្ហាញខ្លួនតំណាងនាងលីនសាយ ឡូហានក្នុងការបើកសវនាការកាលពីថ្ងៃពុធ។ យោងតាមប្រភពព័ត៌មានថា នាងបានសម្រេចចិត្តទៅបង្ហាញខ្លួននៅតុលាការដែរ ប៉ុន្តែនាងជាកំណត់ពេលជាមួយតុលាការវិញ។
ចៅក្រមឡូស អេនជឺឡេសម្នាក់បានបញ្ជាឲ្យតារាភាពយន្តស្រីរូបនេះបង្ហាញខ្លួននៅតុលាការអំពីករណីចោទប្រកាន់អំពើហិង្សា និងបទកុហកសមត្ថកិច្ចអំពីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីរដូវក្តៅមុន។
រឿងរ៉ាវដ៏វែងឆ្ងាយរបស់នាងលីនសាយ ឡូហានតាមរយៈប្រព័ន្ធច្បាប់បានចាប់ផ្តើមឡើងតាមរយៈការចាប់ខ្លួនពីបទបើកបរទាំងស្រវឹងកាលពី៦ឆ្នាំមុន ប៉ុន្តែការប្រឹងប្រែងតស៊ូរបស់នាងប្រយុទ្ធប្រឆាំងនឹងថ្នាំញៀន និងគ្រឿងស្រវឹងបានធ្វើឲ្យតារាស្រីរូបនេះចូលខ្លួនទៅបន្សាបរយៈពេល៥ដងស្មើនឹង២៥០ថ្ងៃចាប់តាំងពីខែមករា ឆ្នាំ២០០៧មក។
លោកមេធាវី Heller បានដាក់លិខិតរបស់វេជ្ជបណ្ឌិតទៅតុលាការដោយលើកឡើងថា នាងលីនសាយ ឡូហាន កំពុងតែឈឺធ្ងន់មិនអាចធ្វើដំណើរតាមយន្តហោះដ៏វែងឆ្ងាយបានទេក្នុងសប្ដាហ៍នេះ។
ទោះជាយ៉ាងណាលោកចៅក្រម Stephanie Sautner នៅតុលាការជាន់ខ្ពស់ទីក្រុងឡូស អេនជឺឡេស បានកត់សំគាល់រូបថតដែលត្រូវបានចេញផ្សាយតាមកាសែតកាលពីថ្ងៃអង្គារ ដែលរូបភាពនោះនាងកំពុងតែដើរផ្សារនៅទីក្រុងញូវយ៉កកាលពីចុងសប្តាហ៍នេះ ហើយមើលទៅដូចជាមិនឃើញអាការៈណាមួយដែលនាងមានសុខភាពមិនស្រួលនោះទេ។ ក្នុងសវនាការកន្លងមកលោកបានផ្តល់យោបល់ថា សូមប្រើជីវិតរស់នៅឲ្យមានសេចក្តីថ្លៃថ្នូរគឺឈប់ដើរលេងចូលក្លឹបកម្សាន្តរាត្រី ឬបារទៀត និងខំប្រឹងប្រែងតែការងារ។
នាងលីនសាយ ឡូហានដឹងថា នាងនៅទីក្រុងកាលីហ្វញ៉ា និងទទួលខុសត្រូវចំពោះការធ្វើដំណើរទៅតុលាការដែរ។ កន្លងមកចៅក្រមម្នាក់បានចេញដិកាចាប់ខ្លួននៅពេលនាងមិនបានបង្ហាញខ្លួនពេលសវនាការដោយបញ្ជាក់ថា នាងកំពុងតែជាប់គាំងនៅប្រទេសបារាំងដោយសារតែលិខិតឆ្លងដែនរបស់នាងត្រូវចោរលួច។
មេធាវី Heller បានដាក់លិខិតមួយច្បាប់ដោយមានចុះហត្ថលេខារបស់នាងទៅតុលាការកាលពីដើមខែមករានេះដោយលើកឡើងថា នាងកំពុងតែបណ្តេញចេញលោក Holley ជាមេធាវីម្នាក់ដែលទទួលបានការគោរពយ៉ាងខ្លាំងនៅឡូស អេនជឺឡេស ហើយនាងកំពុងតែជួលមេធាវីថ្មីគឺ Heller ដែលកេរ្តិ៍ឈ្មោះខួចកាលពីឆ្នាំ១៩៩៤នៅពេលតុលាការកំពូលព្យួរការងារអាជីពមេធាវីរបស់គាត់រយៈពេល៥ឆ្នាំ។
សវនាការកាលពីថ្ងៃពុធត្រូវបានពន្យារពេលទៅខែក្រោយទៀតដោយសារតែការខកខានរបស់នាង។ នាងលីនសាយ ឡូហានកន្លងមកយ៉ាងហោចណាស់ធ្លាប់បានចូលខ្លួនទៅតុលាការបាន២០ដងដែរ។ នាងត្រូវបានគេស្វែងរកឃើញថា ជាប់បំរាមពីបទអំពើហិង្សា៥ដង និងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ។ នាងក៏ជាប់បំរាមសេវាកម្មសហគមន៍៦៧ថ្ងៃផងដែរ៕
វេហា























