ដោយសារតែបទចម្រៀង Gangnam Style របស់តារាចម្រៀង Psy ល្បីកក្រើកពេញពិភពលោក ក្តីស្រមៃដ៏យូរលង់របស់ឧស្សាហកម្មតន្ត្រីកូរ៉េខាងត្បូងដើម្បីគ្រប់ដណ្ដប់លើទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកតាមរយៈក្រុមតារាចម្រៀងប្រុសកូរ៉េប៉ុបរបស់ខ្លួននោះបានចាប់ផ្តើមលោតផ្លោះជំហានយក្សឈានទៅរកដើម្បីក្លាយអធិរាជតន្ត្រីជុំវិញពិភពលោក។
អ្នកជំនាញនិយាយនៅឯពិធីតាំងពិព័រណ៍ឧស្សាហកម្មតន្ត្រី MIDEM ដែលបានធ្វើនៅទីក្រុងខេននេសថា ភាពជោគជ័យលក្ខណៈអន្តរាតិរបស់ Psy ហាក់ដូចជាមិនបាច់និយាយទេនៅបណ្តាប្រទេសអាស៊ី ប៉ុន្តែនៅសហរដ្ឋអាមេរិក និងអឺរ៉ុបក៏មិនធម្មតាដែរ។ ដើម្បីក្លាយខ្លួនជាអធិរាជតន្ត្រីលើលោក ប្រទេសនេះបានពឹងលើជោគជ័យនៃអភូតហេតុរបស់ Psy និងបង្ហាញកំពូលតារាល្បីៗរបស់ខ្លួនជាច្រើន ដូច្នេះឧស្សាហកម្មតន្ត្រីរបស់កូរ៉េខាងត្បូងបានវាយលុយយ៉ាងខ្លាំងនៅក្នុងពិធីពិព័រណ៍តន្ត្រីរយៈពេល៤ថ្ងៃប្រចាំឆ្នាំដែលបានបើកកាលពីថ្ងៃសៅរ៍។
អគ្គនាយកសេវាកម្មទិន្នន័យរបស់កូរ៉េខាងត្បូង Billboard Korea បានប្រាប់ AFPថា ៖«ទីផ្សារបស្ចិមប្រទេសតែងតែមានក្តីស្រមៃដ៏រ៉ូមែនទិន ប៉ុន្តែហាក់ដូចជាត្រូវបានបញ្ចប់ដោយពិភពតន្ត្រីកូរ៉េខាងត្បូង»។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាភាពល្បីល្បាញកូរ៉េខាងត្បូងពិតជាមានប្រាកដនិយម ប៉ុន្តែនៅអាស៊ីនៅមាននំបុ័ង និងបឺរដដែល។ អាស៊ីនៅតែជាតំបន់ដែលវិស័យតន្ត្រីទទួលបានជោគជ័យបំផុត ជាក់ស្តែងប្រទេសជប៉ុនតែមួយបាននាំចូលតន្ត្រីប្រហែល៥០ភាគរយកូរ៉េខាងត្បូង។
លោក Jin បាននិយាយថា ថ្មីៗនេះពាណិជ្ជកម្មតន្ត្រីកូរ៉េខាងត្បូងបានចាប់វាយលុយខ្លាំងក្នុងទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។ ការប្រគំតន្ត្រីកូរ៉េប៉ុបបានពេញនិយមនៅទ្វីបអាស៊ីទេ ប៉ុន្តែថ្មីនេះជាពិសេសក្នុងឆ្នាំ២០១១ការប្រគំតន្ត្រីកូរ៉េប៉ុបបានកំពុងតែពេញនិយមនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបដែលប្រការនេះកំពុងតែកើនឡើងប្រជាប្រិយភាពរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញនិយាយថា ភាពជោគជ័យរបស់ក្រុមតារាចម្រៀងកូរ៉េប៉ុបប្រុសស្រីបង្ហាញនូវភាពជោគជ័យតែនៅក្នុងទីផ្សារលាក់បាំងតែប៉ុណ្ណោះ។
លោក Min Kim ជាប្រធាន Kocca ជាស្ថាប័នមិនស្វែងប្រាក់ចំណេញចំពោះការផ្សព្វផ្សាយតន្ត្រីរបស់កូរ៉េទៅកាន់ក្រៅប្រទេសបានប្រាប់ AFP ថា ៖«ទីផ្សារអាមេរិក និងអឺរ៉ុបគឺមានត្រឹមតែ០,៥ភាគរយប៉ុណ្ណោះសម្រាប់ការនាំចេញតន្ត្រីសរុបរបស់កូរ៉េខាងត្បូង»។ ប៉ុន្តែអ្វីៗទាំងអស់បានប្រែប្រួលដែលមិននឹកស្មានដល់ដោយសារតែបទចម្រៀង "Gangnam Style"របស់ Psy ដែលមានអ្នកចូលមើលរហូតដល់មួយពាន់លាននាក់ជាងហើយតាមយូធូប។
លោកថា ៖«ពីមុនប្រជាជននៅបស្ចិមប្រទេសស្គាល់កូរ៉េខាងត្បូងដោយសារតែបច្ចេកវិទ្យាទេ ប៉ុន្តែតាមរយៈបទចម្រៀង Gangnam Style ប្រជាជនបស្ចិមប្រទេសបានស្គាល់ពីតន្ត្រីរបស់កូរ៉េខាងត្បូងយ៉ាងច្បាស់»។ លោកបន្តថា ភាពជោគជ័យរបស់ Psy បានធ្វើឲ្យមនុស្សនៅអឺរ៉ុបច្រើនណាស់ចាប់អារម្មណ៍ និងគាំទ្រតន្ត្រីរបស់កូរ៉េ ហើយកំពុងតែបង្កើនអ្នកគាំទ្រជាលំដាប់។ ជាពិសេសតន្ត្រីកូរ៉េប៉ុបវាយលុកគ្មានទីបញ្ចប់ទេនៅអឺរ៉ុប។
សព្វថ្ងៃនេះអ្នកឧស្សាហកម្មតន្ត្រីជឿជាក់ ការវិនិយោគត្រូវ និងមានអ្នកសិល្បៈប្រកបដោយទេពកោសល្យ កូរ៉េខាងត្បូងច្បាស់ណាស់ថាទន្ទ្រានចូលទីផ្សារអឺរ៉ុប និងអាមេរិកគ្មានពេលស្រាកស្រាន្តទេ។ សូម្បីតែបទចម្រៀងរបស់ Psy តែមួយផងកក្រើកយ៉ាងនេះទៅហើយចុះបើមានច្រើនហើយមានរយៈពេលវែងទៀតនោះមិនជាយ៉ាងណានោះទេ។
លោកនិយាយថា ៖«ពីមុនក្រុមហ៊ុនគ្រប់គ្រងសិល្បករគឺរឹតត្បិតសិល្បកររបស់ខ្លួនខ្លាំងណាស់ ប៉ុន្តែហេតុអ្វីបានជា Psy ទទួលបានជោគជ័យ ហើយអ្នកដទៃបរាជ័យទៅវិញ ពីព្រោះតែតារាចម្រៀងរ៉េបកូរ៉េរូបនេះមានកុងត្រាជាមួយក្រុមហ៊ុនបើកទូលាយ ដូច្នេះមានតែបទ 'Gangnam Style' តែមួយគត់ដែលវាយលុកទីផ្សារ ព្រោះតែបើកទូលាយឲ្យមនុស្សចូលមើល។ តារាច្រៀងរូបនេះថែមទាំងអាចផ្លាស់ទៅអាមេរិក ហើយចុះកុងត្រាថ្មីជាមួយក្រុមហ៊ុន Scooter Braun នៅទីនោះទៀតផង។ សព្វតារាចម្រៀងកូរ៉េខាងត្បូងបានកំពុងតែដើរតាមគន្លងរបស់ Psy ហើយ។
ជាក់ស្តែងក្រុមតារាចម្រៀងស្រីកូរ៉េប៉ុបគឺ "Girls Generation"ក៏បានចុះកុងត្រាថ្មីជាមួយក្រុមហ៊ុន Interscope ដែលមាននាងឡេឌី ហ្កាហ្កាដែរនៅសហរដ្ឋអាមេរិកទៀត ហើយក្រុម Black Eyed Peas ខាងមុខនេះនឹងចេញអាល់អាប៊ុមភាសាអង់គ្លេសក្នុងខែមីនខា។
អ្នកជំនាញបានវិភាគថា ដូច្នេះប្រសិនបើក្រុមតារាចម្រៀងកូរ៉េខាងត្បូងល្បីៗជាច្រើនទៅប្រកបអាជីពជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក ពួកគេប្រាកដណាស់នឹងទាក់ទាញយកប្រជាប្រិយភាពជុំវិញពិភពលោកឲ្យចាប់អារម្មណ៍ និងគាំទ្រតន្ត្រីរបស់កូរ៉េខាងត្បូង។ ប្រការនេះតើវាយអាចទៅរួចទេដែលឧស្សាហកម្មតន្ត្រីប្រទេសមួយនេះគ្រប់គ្រងអ្នកគាំទ្រជុំវិញពិភពលោក?
ទោះបីជាយ៉ាងណាអ្នកជំនាញលើកឡើងថា អភូតហេតុដ៏ល្បីល្បាញរបស់ Psy ត្រូវតែមានការប្រុងប្រយ័ត្នចំពោះកម្មសិទ្ធិបញ្ញារបស់ខ្លួនដែលសព្វថ្ងៃនេះមានការចម្លងតាមច្រើនណាស់៕
វេហា
























