ភ្នំពេញ ៖ ដើម្បី បង្ហាញនូវសេចក្តីកោតសរសើរ និងដឹងគុណចំពោះថ្នាក់ដឹកនាំជាតិ ដែលមានបុគ្គលភាពថ្លៃថ្នូរល្អប្រសើរ និង មានមគ្គទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយសេចក្តីថ្កុំថ្កើង ល្បីល្បាញ ហើយស័ក្តិសម ជាឥស្សរជនឆ្នើមជាន់ខ្ពស់របស់ជាតិ និងដើម្បីជាគំរូប្រពៃថ្លៃថ្លាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជា ប្រជារាស្ត្រ ទូទាំងប្រទេស ក្នុងការបណ្តុះនូវស្មារតីនិងឆន្ទៈស្រឡាញ់ការពារទឹកដី និង សន្តិភាពឱ្យបានជាភិយ្យោភាពនោះ ក្រុមសមាជិកពេញសិទ្ធិ ឬបណ្ឌិតសភាចារ្យ (Academician) បានសម្រេចនិងឯកភាពស្នើថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីទ្រង់ប្រោសប្រទាននូវគោរមងារដល់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាកិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា។គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត (Kittipritthbindit)» ជាគោរមងារដ៏ឧត្តុង្គឧត្តម របស់រាជបណ្ឌិត្យ សភាកម្ពុជា។ គោរមងារនេះស្នើប្រគល់ជូនវរជនខ្មែរ ដែលមានគុណបំណាច់ និងស្នាដៃធំធេង ចំពោះ ប្រទេសជាតិ ក្នុងការធ្វើឱ្យរស់ឡើងវិញ និងអភិវឌ្ឍនូវសង្គម វប្បធម៌និងសេដ្ឋកិច្ចជាតិ ព្រមទាំងបានការទទួលស្គាល់ជាអន្តរជាតិលើវិស័យមនុស្សធម៌និងសង្គមធម៌ ទៀតផង។ គោរមងារនេះត្រូវបានសម្រេច ជ្រើសរើស ដោយសមាជិកបណ្ឌិតសភាពេញសិទ្ធិ ឬបណ្ឌិតសភាចារ្យ (Academician) នៃរាជបណ្ឌិត្យ សភាកម្ពុជាតាមការស្នើសុំរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការឯកភាព ពាក្យពេចន៍ពីក្រុមប្រឹក្សាជាតិភាសាខ្មែរផងដែរ ព្រមទាំងត្រូវបានត្រាស់បង្គាប់ប្រគល់ជូនដោយព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។
កិត្តិព្រឹទ្ធបណ្ឌិត បានផ្សំបង្កើតពីពាក្យ កិត្តិ + ព្រឹទ្ធ + បណ្ឌិត ៖
- កិត្តិ ជានាមសព្ទ មានន័យថា សេចក្តីរុងរឿងដ៏មហាប្រសើរ សេចក្តីថ្កុំថ្កើង ភាពល្បីល្បាញ។
- ព្រឹទ្ធ ជាគុណនាម មានន័យថា ដែលមានភាពចាស់ទុំខាងផ្នែកវ័យ វឌ្ឍនាការខាងកិរិយាមារយាទ ឬ ខាងគំនិតដែលគិតវែងឆ្ងាយ ហើយ ប្រកបដោយគុណធម៌។
- បណ្ឌិត ជានាមសព្ទមានន័យថា អ្នកប្រាជ្ញ អ្នកមានប្រាជ្ញាឈ្លាសវៃ អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ អ្នកប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ ដោយ ប្រកាន់ខ្ជាប់នូវគុណធម៌។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលពោរពេញ ទៅដោយបទពិសោធន៍និងទេពកោសល្យទូលំទូលាយ។ លោកជំទាវបានចូលរួមចលនាកងកម្លាំងតស៊ូ រំដោះជាតិមាតុភូមិតាំងពីក្នុងវ័យ១៦ឆ្នាំ ហើយរហូតដល់បច្ចុប្បន្ន លោកជំទាវបានបង្កើតស្នាដៃឧត្ដុង្គឧត្ដម ជូនជាតិមាតុភូមិទាំងក្នុងវិស័យមនុស្សធម៌ និងសង្គម-វប្បធម៌។ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលមានកិត្តិយសខ្ពង់ខ្ពស់ដោយបានទទួលគ្រឿងឥស្សរិយយស «ជាតូបការ» ពី ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង គ្រឿងឥស្សរយសថ្នាក់ខ្ពស់បំផុត «សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្ន » ពីព្រះវររាជបិតាជាតិខ្មែរ។ លើសពីនេះ លោកជំទាវជាឥស្សរជនមួយរូបដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៖
- ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១០ : សញ្ញាបត្របណ្ឌិតកិតិ្តយស ផ្នែកអប់រំ ពីសាកលវិទ្យាល័យ ស៊ីឡា សាធារណរដ្ឋកូរ៉េ។
- ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ : ពានរង្វាន់វេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតប មេរោគអេដស៍ និងការអភិវឌ្ឍ ប្រគល់ដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅក្នុងនាមជាវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី- ប៉ាស៊ីហ្វិក និងយូអិនអេដ។
- ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩ : សញ្ញាបត្របណ្ឌិតកិតិ្តយស ផ្នែកអក្សរសាស្រ្ត ពីសាកលវិទ្យាល័យ ជេជូរ សាធារណរដ្ឋកូរ៉េ ទទួលស្គាល់នូវសេវាកម្ម ដែលជាភ្លើងបំភ្លឺដ៏មហិមា ដែលបានផ្តល់ជូនជាតិមាតុភូមិ នៅក្នុងការស្វែងរកសន្តិភាព និងក្តីស្រឡាញ់អាណិត អាសូរ ដល់មនុស្សជាតិ។
- ថ្ងែទី០៣ ខែមិថុនា ឆ្នាំ២០០៩ : សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ ស្រ្តីសេអ៊ូល ទទួលស្គាល់ពីស្នាដៃនៃការចូលរួមដ៏វិសេសវិសាល នៅក្នុងការងារកាកបាទក្រហមកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ទៅលើកិច្ចការ និងសិទ្ធិស្រ្តី។
- ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៨ : សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សធម៌ពីសាកលវិទ្យាល័យ កម្ពុជា ទទួលស្គាល់ស្នាដៃពីការបេ្តជ្ញាចិត្ត និងភក្តីភាពចំពោះសកម្មភាពមនុស្សធម៌។
- ឆ្នាំ២០០៤ : មេដៃកិត្តិយស កាកបាទក្រហមថេហ្គូន (Red Cross Grand Order of Taegung) ពីកាកបាទក្រហមជាតិនៃសាធារណរដ្ឋកូរ៉េ។
ផ្អែកតាមលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុងជ្រោយទាំងក្នុងវិស័យមនុស្សធម៌ សង្គម វប្បធម៌ និងការ ដឹកនាំរបស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដូចបានលើកឡើងខាងលើក្រុមសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចជាឯកច្ឆន្ទថា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ពិតជាមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបាននូវគោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត» នេះណាស់៕
| < មុន | បន្ទាប់ > |
|---|





















