នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១១ពួកទាហានថៃបានលើកទ័ពឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាត្រង់តំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់ ថ្មដូន និងជប់គគីរ បង្កើតឲ្យមានភាពតានតឹងជាថ្មីម្ដងទៀតនៅតាមតំបន់ព្រំដែន។ អំពើឈ្លានពានទាំងកំរោលបួនជ្រុងនេះគឺមានចេតនាច្បាស់លាស់ក្នុងការដណ្ដើមកាន់កាប់យកតំបន់ទាំងនោះដោយឥតអៀនខ្មាស។ មហិច្ឆតាឈ្លានពាននេះបានបង្ហាញឲ្យឃើញកាន់តែច្បាស់ឡើងថាពួកថៃគ្មានចេតនាដោះស្រាយបញ្ហាដោយសន្តិវិធីដោយការចរចានោះឡើយ។
ចរិតល្មោភសង្គ្រាមរបស់ថៃឆ្លុះបញ្ចាំងឲ្យឃើញច្បាស់លាស់តាមរយៈការលើកទ័ពទន្ទ្រានឈ្លានពានមកលើទឹកដីកម្ពុជាជាច្រើនលើកច្រើនដងណាស់មកហើយ ហើយចុងក្រោយនេះទៀតពួកឈ្លានពានមិនខ្លាចញញើតបន្តិចណាសោះឡើយចំពោះការថ្កោលទោសពីសហគមន៍អន្តរជាតិ។ ប៉ុន្តែទោះជាពួកថៃមានចេតនាអាក្រក់ប៉ុណ្ណាក៏ដោយមានឧបាយកលជ្រៀលជ្រៅយ៉ាងណាក៏ដោយមានមហិច្ឆតាធំធេងបែបណាក៏ដោយពួកនេះបានទទួលបរាជ័យយ៉ាងអាម៉ាស់ទាំងព្រលឹមអុរតែម្ដងនៅលើសមរភូមិពោលគឺពួកនេះមិនអាចដណ្ដើមកាន់កាប់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន និងជប់គគីរ សូម្បីតែមួយចំអាមបានឡើយ។
យើងដឹងច្បាស់ហើយថាកន្លងមកនេះហេតុអ្វីបានជាថៃតែងតែបដិសេធមិនព្រមចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជាថៃនិងឥណ្ឌូនេស៊ីដូចដែលរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានបានកោះហៅជាច្រើនលើកច្រើនសានោះ ថៃតែងតែយកលេសថាគេអាចដោះស្រាយបញ្ហាជាមួយកម្ពុជាបានតាមរយៈកិច្ចប្រជុំទ្វេភាគីកម្ពុជា ថៃ ដោយមិនបាច់មានប្រទេសទី៣ចូលរួម។ពេលខ្លះថៃបានយកលេសពន្យាពេលកិច្ចប្រជុំរួចថែមទាំងបដិសេធនូវសំណើររបស់ឥណ្ឌូនេស៊ីដើម្បីបញ្ជូនអ្នកសង្កេតការណ៍មកពិនិត្យតំបន់ព្រំដែនក្នុងចេតនាអូសបន្លាយមិនឲ្យសហគមន៍អន្តរជាតិបានឃើញផ្ទាល់និងភ្នែកនូវសកម្មភាពឈ្លានពានរបស់ពួកគេមកលើបូរណភាពទឹកដីកម្ពុជា។ ចេតនាមួយទៀតរបស់ថៃគឺរាំងស្ទះគ្រប់បញ្ហាទាំងអស់មិនឲ្យដំណើរការបានទាំងការចរចាពហុភាគីទាំងការដាក់ពង្រាយកងទ័ពអ្នកសង្កេតការណ៍ជាដើម រួចគេប្រើយុទ្ធវិធីវាយទន្ទ្រានបង្កឲ្យមានភាពតានតឹងអចិន្ត្រៃយ៍នៅតាមតំបន់ព្រំដែន។ ប៉ុន្តែឧបាយកលដ៏អាក្រក់នេះរាជរដ្ឋាភិបាលកម្ពុជាយើងបានមើលឃើញយ៉ាងច្បាស់ហើយមិនអនុញ្ញាតឲ្យថៃធ្វើអ្វីមួយតាមតែអំពើចិត្តនិងតាមតែការនឹកឃើញនោះទេ។ ហេតុនេះហើយទើបការឈ្លានពានម្ដងនេះទៀតរបស់ថៃត្រូវទទួលការបរាជ័យយ៉ាងអាម៉ាស់មុខបំផុតហើយវាជាមេរៀនមួយថ្មីទៀតបន្ថែមទៅលើមេរៀនចាស់ៗពីមុនទាំងប៉ុន្មានលើកនោះដែលថៃត្រូវតែរៀនសូត្រនិងចងចាំឲ្យច្បាស់៕
| < មុន | បន្ទាប់ > |
|---|























