ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ មានការឃោសនាយ៉ាងគគ្រឹកគគ្រេងដែលមានចេតនា ជាការនិយាយសំអុយមួលបង្កាច់យ៉ាងអយុត្តិធម៌បំផុត មកលើកិត្យានុភាពរបស់ព្រះរាជាណាចក្រ កម្ពុជា។ ក្រោយពេលដែលក្រសួងការបរទេសអាមេរិកចេញផ្សាយរបាយការណ៍ស្ដីពីបញ្ហាសិទ្ធិ មនុស្សនៅកម្ពុជា ដោយបានលើកឡើងគ្មានមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ស្រាប់តែថ្មីៗនេះទៀត មានជនបរទេសមួយក្ដាប់តូចនៅក្នុងអង្គការ Land Deals Politics Initiative បានបើកធ្វើសន្និសីទនៅសាកលវិទ្យាល័យ Sussex នៅប្រទេសអង់គ្លេស ហើយបានធ្វើការវាយប្រ ហារយ៉ាងកំរោលបួនជ្រុងចំពោះការគ្រប់គ្រងដីធ្លីនៅកម្ពុជា។ ពួកគេបានធ្វើជាលើកឡើងទាំងស្រមើ ស្រមៃនូវរបស់ដែលហៅថា ការរំលោភបំពានដីធ្លី ដែលកើតចេញពីកំណើនវិនិយោគទុនបរទេស ការអនុវត្តច្បាប់ដីធ្លីដែលមានគុណវិបត្តិ និងការព្រងើយកន្តើយចំពោះសិទ្ធិមនុស្ស។
រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ច្បាស់លាស់ក្នុងការអនុវត្តន៍កម្មវិធីនយោបាយរបស់ ខ្លួន ក្នុងគោលបំណងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន និងដើម្បីសុភមង្គលរបស់ប្រជាជន ពោលគឺមិនមែនចេះតែធ្វើទៅតាមការនឹកឃើញដោយគ្មានផែនការ គ្មានការគិតគូរច្បាស់លាស់ជា មុននោះទេ។ កន្លងមកនេះការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មពិតជាបានរួមចំណែក យ៉ាងច្រើនដល់ការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច ការបង្កើនផលិតភាពជាតិ ការបង្កើតការងារ និងការប្រើអស់សក្ដានុពលនៃធនធានសេដ្ឋកិច្ចលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រ ទេស។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានពិចារណាយ៉ាងច្បាស់លាស់ទៅលើផលប៉ះពាល់ទាំង ឡាយដែលកើតចេញឡើងពីការវិនិយោគទៅក្នុងវិស័យកសិកម្ម ដោយហេតុនេះហើយទើបខិតខំ ពង្រឹងការអភិវឌ្ឍច្បាប់ដីធ្លីដើម្បីរារាំងបាតុភាពអវិជ្ជមានទាំងឡាយដែលអាចកើតមានឡើងជាយថាហេតុ។ ថ្មីៗនេះទៀត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខាលុបចោលដី សម្បទានរបស់ក្រុមហ៊ុនចំនួន១២ដែលមិនបានអភិវឌ្ឍន៍អ្វីទាំងអស់ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំង ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតាមដានរាល់គ្រប់សកម្មភាពរបស់ក្រុម ហ៊ុនឯកជននានាចៀសវាងភាពឆកល្វែងណាមួយ ដែលនាំផលជាអវិជ្ជមានដល់សង្គមជាតិ។ ជាមួយគ្នានេះដែររាជរដ្ឋាភិបាលក៏មិនបានព្រងើយកន្តើយអនុញ្ញាតឲ្យជនណាមួយ ឬក្រុមណាមួយ ឆ្លៀតប្រើប្រាស់ឱកាសដើម្បីរំលោភបំពានកាន់កាប់ទៅលើកម្មសិទ្ធិដីធ្លីស្របច្បាប់ របស់ប្រជាជន បានឡើយ។ ជាក់ស្ដែងកន្លងមកនេះក៏មានការបញ្ជូនសំណុំរឿងនៃការរំលោភបំពាននេះទៅកាន់ តុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សខិលខូចឆ្លៀតឱកាស បង្កើតឲ្យមានភាពអនាធិបតេយ្យក្នុងការដណ្ដើមកាន់កាប់ដីធ្លីរបស់រដ្ឋ ធ្វើឲ្យរាំងស្ទះដល់គម្រោង វិនិយោគមួយចំនួនដែលរដ្ឋបានអនុញ្ញាតជាគោលការណ៍ ដោយទាមទារលក្ខខណ្ឌសព្វបែបយ៉ាង ប៉ុន្តែនៅពេលដែលសមត្ថកិច្ចស្រាវជ្រាវវែកមុខរកឃើញ និងធ្វើជាស្រែកទាមទាររកយុត្តិធម៌តាមរបៀបម្យ៉ាងដែលគេតែងនិយាយថា«បើឈ្នះគឺបាន បើចាញ់គឺរួចខ្លួន»។ ផ្ដើមចេញពីនោះទើបមាន មជ្ឈដ្ឋានមួយចំនួនតូចទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសឆ្លៀតយកសកម្មភាពនេះធ្វើជាមូល ហេតុដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាទាំងកំរោល និងគ្មានមូលដ្ឋានបន្តិចបន្តួចណា ទាល់តែសោះ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិត ជាមិនបណ្ដែតបណ្ដោយឲ្យប្រជាជនធ្លាក់ទៅក្នុងស្ថានភាពដូចដែលពួកអគតិខាងលើនោះបានចោទ ប្រកាន់ឡើយ ហើយជាក់ស្ដែងកន្លងមកសម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ បំផុតឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវ សហការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ចំពោះការផ្ដល់ដីសម្បទាន ឬការផ្ដល់ដីអភិវឌ្ឍន៍ផ្សេងៗ ដែលប៉ះ ពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងផលប្រយោជន៍របស់រដ្ឋ តួយ៉ាងដូចជាព្រៃ លិចទឹក ព្រៃកោងកាង ពិសេសនៅតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរជាដើម។ ហេតុនេះពួក អគតិទាំងឡាយដែលបានធ្វើការឃោសនាវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែយល់ឲ្យ ច្បាស់អំពីស្ថានការណ៍ជាក់ស្ដែងនៅកម្ពុជា ហើយមុននឹងនិយាយអំពីអ្វីមួយ ត្រូវតែពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងបង្កការរំខានដល់ការអភិវឌ្ឍទឹកដីកម្ពុជា ដែលបច្ចុប្បន្នកំពុងតែមានដំណើរជឿនលឿនទៅមុខ និងទទួលបានការគាំទ្រចូលរួមសហការយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស៕
| < មុន | បន្ទាប់ > |
|---|























